(ព្រះវិហារ)៖ ព្រះសីមាវិជិត ឡុង សុមុនី ព្រះចៅអធិការវត្តប្រាសាទគោកបេង និងជាព្រះមេគណខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំព្រះសង្ឃ១០៩អង្គ ព្រមទាំងឧបាសក ឧបាសិកា ចំណុះជើងវត្ត បានរៀបចំធ្វើបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរជួរមុខ ដែលបានពលីជីវិតក្នុងការប្រយុទ្ធជាមួយខ្មាំងសត្រូវ ដើម្បីការពារអធិបតេយ្យជាតិ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
នាឱកាសនោះព្រះគ្រូសីមាវិជិត ឡុង សុមុនី បានមានសង្ឃដីកាថា បុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរជួរមុខ គឺធ្វើឡើងក្រោមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចសង្ឃនាយកនៃកម្ពុជា ដោយព្រះអង្គបានចង្អុលបង្ហាញគ្រប់សាលគណ រាជធានី ខេត្តទាំងអស់ ត្រូវដឹកនាំភិក្ខុ សាមណេ និងពុទ្ធបរិស័ទធ្វើពិធីបុណ្យបង្សុកោល ដើម្បីឧទ្ទិសមហាកុលសលជូនដល់វិញ្ញាណក្ខន្ធអតីតយុទ្ធជន ក្នុងបុព្វហេតុការពារទឹកដី ពីពួកចោរសៀមឈ្លានពាន។
ព្រះមេគណខេត្តព្រះវិហារ បានមានសង្ឃដីកាទៀតថា បន្ទាប់ពីទទួលបានការណែនាំពីសម្តេច អំ លឹមហេង ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជារួចមក ព្រះអង្គបានដឹកនាំព្រះភិក្ខុសង្ឃក្នុងវត្ត និងព្រះមន្ត្រីសង្ឃ បានរៀបចំធ្វើពិធីបង្សុកូលនៅលើមហាឧបដ្ឋានសាលា ក្នុងវត្តប្រាសាទគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដែលមានសាមណៈសិស្ស១០០អង្គ ព្រះមន្ត្រីសង្ឃ៣អង្គ ព្រះចៅអធិការវត្ត៦វត្ត និងបាននាំអំណោយសប្បុរសជនប្រគេនព្រះសង្ឃដើម្បីទំនុកបម្រុងជាបច្ច័យ៤សម្រាប់ព្រះអង្គប្រើប្រាស់តាមការគួរ ពិសេសឧទ្ទិសមហាកុសលនេះជូនវីរកងទ័ពដែលបានពលីជីវិតនៅសមរភូមិ។
ព្រះសីមាវិជិត ឡុង សុមុនី បានមានសង្ឃដីកាបញ្ជាក់ទៀតថា៖ការធ្វើបុណ្យទក្ខិណានុប្បទាននេះគឺធ្វើឡើងតាមមាគ៌ាបែបព្រះពុទ្ធសាសនា មាន កិច្ចនមសិការព្រះរតនៈត្រៃយ៍ សមាទានសីលវេបច្ច័យ៤ប្រគេនព្រះសង្ឃ និងព្រះអង្គពហូទេវាជាកិច្ចបញ្ចប់នៃពិធីបុណ្យៗទក្ខិណានុប្បទាននេះធ្វើឡើងដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពរបស់យើង សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ក្រោមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកងទ័ពយើងមានភាពអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែន ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង មកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ៕
0 Comments:
Post a Comment