(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃនេះ បានណែនាំ និងបានផ្តាំផ្ញើនិស្សិតអាហារូបករណ៍ទាំងអស់ ដែលមកពីស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺថា ពេលបានទទួលលអាហារូបករណ៍ សិក្សានៅភ្នំពេញរយៈពេល ៤ឆ្នាំនេះ គឺនិស្សិតទាំងអស់ពីជាមានសំណាង ដោយសារកម្ពុជារបស់យើងមានសុខសន្តិភាព។ ដូច្នេះនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។
ការណែនាំ និងផ្ដាំផ្ញើរបស់លោកទេសរដ្ឋមន្ត្រីនៅពេលនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សត្យា វុធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ, លោកសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក លោកស្រី នាងកញ្ញា ជាអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអ.ជ.ប.ជ.អ, លោកអភិបាលស្រុកបរសេដ្ឋ, លោកប្រធាន និង ថ្នាក់ដឹកនាំការិយាល័យអប់រំស្រុកបរសេដ្ឋ សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកបរសេដ្ឋ ព្រមទាំងនិស្សិតដែលទទួលបានអាហារូបករណ៍ មកពីស្រុកបរសេដ្ឋជាច្រើននាក់។
បន្ទាប់ពីប្រកាសហេតុ លោកសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានមតិចំណាប់អារម្មណ៍ដោយបានណែនាំ និងផ្តាំផ្ញើនិស្សិតអាហារូករណ៍ទាំងអស់ខិតខំរៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង លើកស្ទួយគ្រួសារ និងសង្គមជាតិ។
មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី លោកទេសរដ្ឋមន្រ្តី អៀង មូលី បានណែនាំ និងបានផ្តាំផ្ញើនិស្សិតអាហារូបករណ៍ថា និស្សិតទាំងអស់មានសំណាង ដោយសារកម្ពុជាយើងមានសុខសន្តិភាព។ ដូច្នេះនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។ ទន្ទឹមនឹងនេះ និស្សិតត្រូវធ្វើជាទូតតំណាងស្រុកបរសេដ្ឋ ឱ្យគេស្គាល់ស្រុកបរសេដ្ឋ ព្រមទាំងចងជាចង្កោមជួយគ្នាក្នុងការរៀនសូត្រ។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំថា លើសពីការខំរៀនសូត្រឱ្យចប់ការសិក្សាបានសញ្ញាបត្របរិញ្ញាបត្រ ត្រូវរកការងារធ្វើ ហើយបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ឬក្រៅប្រទេស ដើម្បីជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិ ហើយសូមដើរតាមគន្លងការណែនាំរបស់អ្នកជំនាន់មុន។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីព្រមទាំងគណៈអធិបតីបានថតរូប និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់និស្សិតអាហារូបករណ៍ផងដែរ៕
0 Comments:
Post a Comment